តើព្រះទ្រង់ខ្វល់ពីខ្ញុំទេ?
ពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ហេតុអ្វីបានជាអ្នកបើកបរដែលមានជាតិស្រវឹង បានរត់គេចខ្លួនដោយសុវត្ថិភាព ខណៈពេលដែលជនរងគ្រោះមានរបួសធ្ងន់? ហេតុអ្វីមនុស្សអាក្រក់មានភាពសំបូរសប្បាយ តែមនុស្សល្អត្រូវរងទុក្ខ? តើមានពេលប៉ុន្មានដងហើយ ដែលអ្នកគិតលែងយល់ អំពីរឿងរ៉ាវដែលបានកើតឡើងក្នុងជីវិតអ្នក ហើយអ្នកក៏បានស្រែកឡើងថា “តើព្រះទ្រង់ខ្វល់ពីខ្ញុំទេ?”
លោកហាបាគុក ក៏ធ្លាប់សួរសំណួរមួយនេះផងដែរ ពេលដែលគាត់ឃើញស្ថានភាពដ៏លំបាក ក្នុងស្រុកយូដា ដោយអំពើទុច្ចរិត និងភាពអយុត្តិធម៌ កំពុងតែចម្រើនឡើងយ៉ាងខ្លាំង(ហាបាគុក ១:១-៤)។ ពេលគាត់មានអារម្មណ៍ច្របូកច្របល់ គាត់ក៏បានសួរព្រះថា ពេលណាទើបទ្រង់ដោះស្រាយបញ្ហានេះ។ ពេលនោះ ការឆ្លើយតបរបស់ព្រះគ្មានអ្វីដែលពិបាកយល់ឡើយ។ ព្រះទ្រង់មានបន្ទូលថា ទ្រង់នឹងប្រើសាសន៍ខាល់ដេ ដើម្បីកែតម្រង់សាសន៍យូដា។ គេឮល្បីថា សាសន៍ខាល់ដេមានភាពសាហាវព្រៃផ្សៃ(ខ.៧)។ ពួកគេពូកែខាងប្រើហឹង្សា(ខ.៩) ហើយពួកគេថ្វាយបង្គំអំណាចទ័ព និងព្រះក្លែងក្លាយរបស់ពួកគេតែប៉ុណ្ណោះ(ខ.១០-១១)។
នៅពេលដែលយើងមិនយល់អំពីផ្លូវរបស់ព្រះ យើងចាំបាច់ត្រូវទុកចិត្តលើលក្ខណៈសម្បត្តិរបស់ទ្រង់ ដែលមិនចេះប្រែប្រួល។ លោកហាបាគុកបានធ្វើដូចនេះឯង។ គឺគាត់ជឿថា ព្រះទ្រង់ជាព្រះនៃយុត្តិធម៌ សេចក្តីមេត្តា និងសេចក្តីពិត(ទំនុកដំកើង ៨៩:១៤)។ នៅពេលនោះ គាត់បានរៀនមើលទៅស្ថានភាពរបស់គាត់ ដោយយល់ដល់លក្ខណៈសម្បត្តិរបស់ព្រះ ជាជាងមើលទៅលក្ខណៈសម្បត្តិរបស់ព្រះ ផ្អែកទៅលើស្ថានភាពរបស់គាត់។
ទីបញ្ចប់ គាត់ក៏បានសន្និដ្ឋានថា “ព្រះយេហូវ៉ា គឺជាព្រះអម្ចាស់ទ្រង់ជាកំឡាំងខ្ញុំ ទ្រង់នឹងធ្វើឲ្យជើងនៃខ្ញុំបានលឿន ដូចជាជើងឈ្លូស ហើយឲ្យខ្ញុំដើរនៅលើទីខ្ពស់របស់ខ្ញុំ”(ហាបាគុក ៣:១៩)។-Poh Fang Chia
អំណាចរបស់មនុស្ស
ពេលបុរសម្នាក់កំពុងឡើងជិះរថភ្លើង ក្នុងក្រុងភើត ប្រទេសអូស្រ្តាលី គាត់ក៏បានរអិលជើង ចូលទៅក្នុងចន្លោះរវាងទូរថភ្លើង និងកម្រាលឥដ្ឋរបស់ស្ថានីយ ជាប់ដកមិនរួច។ ពេលនោះ មានអ្នកដំណើររាប់សិបនាក់បានប្រញាប់មកជួយគាត់។ ពួកគេក៏បានប្រើកម្លាំងសាមគ្គីរួមគ្នារុញរថភ្លើង ឲ្យផ្អៀងទៅម្ខាង ដើម្បីឲ្យបុរសនោះអាចដកជើងចេញពីប្រលោះនោះបាន ដោយសុវត្ថិភាព។ លោកដាវីឌ ហាញន៍(David Hynes) ដែលជាអ្នកនាំពាក្យរបស់សេវាកម្មរថភ្លើង បានមានប្រសាសន៍ នៅក្នុងការសំភាសថា “ពួកគេម្នាក់ៗបានចូលរួមក្នុងការជួយសង្រ្គោះគាត់ ដោយគ្មានការស្ទាក់ស្ទើរ។ គឺដោយសារអំណាចនៃការសាមគ្គីរបស់មនុស្ស ដែលមនុស្សម្នាក់ត្រូវបានជួយសង្រ្គោះឲ្យរួចពីគ្រោះថ្នាក់ ដែលអាចបណ្តាលឲ្យមានរបួសធ្ងន់”។
ក្នុងបទគម្ពីរអេភេសូរ ជំពូក៤ យើងឃើញថា ព្រះទ្រង់បានប្រើអំណាចនៃការរួបរួមរបស់មនុស្ស ដើម្បីកសាងមហាគ្រួសាររបស់ទ្រង់។ ទ្រង់បានប្រទានឲ្យយើងម្នាក់ៗ មានអំណោយទានដ៏ពិសេស នៃព្រះគុណទ្រង់(ខ.៧) សម្រាប់បំពេញគោលបំណងដ៏ជាក់លាក់មួយ ដើម្បីឲ្យ “រូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនិមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់”(ខ.១៦)។
មនុស្សម្នាក់ៗ មានកិច្ចការដែលត្រូវធ្វើ ក្នុងមហាគ្រួសាររបស់ព្រះ គឺគ្មានអ្នកឈរមើលទេ។ ក្នុងមហាគ្រួសារនៃព្រះ យើងយំ យើងសើចជាមួយគ្នា។ យើងជួយសម្រាលបន្ទុកគ្នាទៅវិញទៅមក។ យើងអធិស្ឋានឲ្យ ហើយលើកទឹកចិត្តគ្នា។ យើងលើកទឹកចិត្ត ហើយជួយគ្នាទៅវិញទៅមក ឲ្យងាកចេញពីអំពើបាប។ ឱព្រះវរបិតា សូមទ្រង់បង្ហាញឲ្យយើងខ្ញុំស្គាល់ ផ្នែកដែលយើងខ្ញុំមាន នៅក្នុងមហារគ្រួសារទ្រង់នៅថ្ងៃនេះ។-Poh Fang Chia
ការជម្នះសេចក្តីកំហឹង
ពេលខ្ញុំកំពុងអានសារដែលគេបានផ្ញើមកទូរស័ព្ទរបស់ខ្ញុំ ខ្ញុំស្រាប់តែមានកំហឹងក្តៅឡើង ស្ទើរស្លឈាម។ ពេលនោះ ខ្ញុំហៀបតែនឹងបាញ់សារវាយប្រហារតបទៅវិញ តែមានសម្លេងមួយនៅក្នុងចិត្តខ្ញុំ បានប្រាប់ខ្ញុំ ឲ្យសម្រួលអារម្មណ៍ ហើយរង់ចាំឆ្លើយតបទៅគេវិញ នៅថ្ងៃស្អែក។ នៅពេលព្រឹក បន្ទាប់ពីបានគេងលក់យ៉ាងស្កប់ស្កល់កាលពីពេលយប់ បញ្ហាដែលបានធ្វើឲ្យខ្ញុំមិនសប្បាយចិត្តយ៉ាងខ្លាំងកាលពីថ្ងៃម្សិលមិញ ហាក់ដូចជាមិនសូវមានឥទ្ធិពលមកលើខ្ញុំទៀតទេ។ ពីដំបូងខ្ញុំបានបំប៉ោងវាឲ្យធំហួសខ្នាត ព្រោះខ្ញុំមិនចង់យកប្រយោជន៍អ្នកដទៃ ជាសំខាន់ជាងប្រយោជន៍ខ្លួនឯង ហើយខ្ញុំមិនព្រមជួយអ្នកដទៃ ដោយទុកឲ្យខ្លួនឯងពិបាកឡើយ។
ខ្ញុំមានការសោកស្តាយណាស់ ដែលខ្ញុំត្រូវបានល្បួងឲ្យឆ្លើយតប ដោយកំហឹង ជាញឹកញាប់។ ប៉ុន្តែ ជានិច្ចជាកាល ខ្ញុំបានដឹងថា ខ្ញុំត្រូវអនុវត្តតាមសេចក្តីពិតនៃព្រះគម្ពីរ ដែលខ្ញុំបានយល់ច្បាស់ ដែលបានចែងថា “ចូរខឹងចុះ តែកុំឲ្យធ្វើបាបឡើយ កុំឲ្យសេចក្តីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ”(អេភេសូរ ៤:២៦) ហើយ “កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង”(ភីលីព ២:៤)។
ខ្ញុំសូមអរព្រះគុណព្រះ ដែលបានប្រទានព្រះវិញ្ញាណទ្រង់ ដើម្បីជួយយើងក្នុងការប្រយុទ្ធនឹងអំពើបាបរបស់យើង។ ត្រង់ចំណុចនេះ សាវ័កប៉ុល និងសាវ័កពេត្រុសបានហៅព្រះរាជកិច្ចរបស់ព្រះវិញ្ញាណថា “ព្រះរាជកិច្ចនៃការញែកចេញជាបរិសុទ្ធ”(២ថែស្សាឡូនិច ២:១៣ ១ពេត្រុស ១:២)។ បើគ្មានអំណាចទ្រង់ជួយទេ យើងគ្មានសង្ឃឹម ហើយក៏បរាជ័យផង តែយើងអាចមានជ័យជម្នះ ដោយពឹងអំណាចចេស្តាទ្រង់។-Poh Fang Chia
មនុស្សសាមញ្ញ
លោកគីឌាន ជាមនុស្សសាមញ្ញម្នាក់។ រឿងរបស់គាត់ ដូចដែលមានចែងក្នុងបទគម្ពីរ ពួកចៅហ្វាយ ៦ បានលើកទឹកចិត្តខ្ញុំយ៉ាងខ្លាំង។ គាត់ជាកសិករម្នាក់ ដែលខ្វះភាពក្លាហាន។ ពេលព្រះត្រាស់ហៅគាត់ ឲ្យរំដោះជនជាតិអ៊ីស្រាអែល ឲ្យរួចពីការគៀបសង្កត់របសសាសន៍មីឌាន គាត់ឆ្លើយតបថា “ឱព្រះអម្ចាស់អើយ ធ្វើដូចម្តេចឲ្យទូលបង្គំជួយសង្គ្រោះ ដល់សាសន៍អ៊ីស្រាអែលបាន មើល ទូលបង្គំជាគ្រួសារក្រជាងគេក្នុងពួកម៉ាន៉ាសេ ហើយទូលបង្គំក៏ជាអ្នកតូចបំផុតក្នុងពួកផ្ទះឪពុកទូលបង្គំផង”(ពួកចៅហ្វាយ ៦:១៥)។ ពេលនោះ ព្រះទ្រង់ក៏បានសន្យាថា ទ្រង់នឹងគង់នៅជាមួយលោកគីឌាន ហើយគាត់នឹងសម្រេចកិច្ចការ ដែលទ្រង់បានត្រាស់បង្គាប់ឲ្យគាត់ធ្វើនោះ(ខ.១៦)។ ការស្តាប់បង្គាប់របស់លោកគីឌានក៏បាននាំឲ្យពួកអ៊ីស្រាអែលមានជ័យជម្នះ ហើយគេក៏បានរាប់បញ្ចូលគាត់ នៅក្នុងចំណោមវីរៈបុរសដ៏អស្ចារ្យនៃសេចក្តីជំនឿ(ហេព្រើ ១១:៣២)។
មានមនុស្សជាច្រើនទៀតក៏មានចំណែកយ៉ាងសំខាន់ នៅក្នុងផែនការជួយសង្រ្គោះប្រជាជនអ៊ីស្រាអែល ឲ្យរួចពីខ្មាំងសត្រូវដ៏ខ្លាំងក្លា។ ព្រះទ្រង់បានប្រទានមនុស្ស៣០០នាក់ ដល់លោកគីឌាន ដែលសុទ្ធសឹងជាវីរបុរសដ៏អង់អាច ដើម្បីឈ្នះសង្រ្គាម។ ព្រះគម្ពីរមិនបានកត់ទុកឈ្មោះរបស់ពួកគេទេ តែព្រះគម្ពីរបានកត់ទុកនូវភាពក្លាហាន និងការស្តាប់បង្គាប់របស់ពួកគេ(ពួកចៅហ្វាយ ៧:៥-២៣)។
សព្វថ្ងៃនេះ ព្រះទ្រង់នៅតែបន្តត្រាស់ហៅ មនុស្សសាមញ្ញៗ ឲ្យធ្វើការថ្វាយទ្រង់ ហើយទ្រង់បានធានាយើងថា ទ្រង់នឹងគង់នៅជាមួយយើងជានិច្ច ពេលដែលយើងបម្រើទ្រង់។ ដោយសារយើងជាមនុស្សសាមញ្ញដែលព្រះទ្រង់ប្រើ នោះការនេះបានបង្ហាញច្បាស់ថា អំណាចដែលនាំឲ្យមានជ័យជម្នះនោះ គឺមានប្រភពមកពីព្រះ មិនមែនមកពីយើងនោះឡើយ។-Poh Fang Chia
ព្រះវរបិតាគង់នៅជាមួយខ្ញុំ
មានមិត្តភក្តិខ្ញុំម្នាក់បានព្យាយាមជម្នះភាពឯកកោ បានជានាងសរសេរនៅលើទំព័រហ្វេសប៊ុករបស់នាងថា “ខ្ញុំមានអារម្មណ៍ឯកកោមិនមែនដោយសារ ខ្ញុំគ្មានមិត្តភក្តិនោះទេ។ ខ្ញុំមានមិត្តភក្តិច្រើនណាស់។ ខ្ញុំដឹងថា ខ្ញុំមានអ្នកដែលអាចនៅក្បែរខ្ញុំ លើកទឹកចិត្ត ហើយជជែកជាមួយគ្នា ព្រមទាំងអាចមើលថែរ ហើយគិតពីខ្ញុំផង។ ប៉ុន្តែ ពួកគេមិនអាចនៅក្បែរខ្ញុំ បានគ្រប់ពេលទេ”។ ព្រះយេស៊ូវទ្រង់យល់ច្បាស់ អំពីភាពឯកកោប្រភេទនេះ។ ខ្ញុំជឿថា ក្នុងអំឡុងពេលទ្រង់កំពុងបំពេញព្រះរាជកិច្ចនៅលើផែនដី ទ្រង់បានទតឃើញភាពឯកកោ ក្នុងកែវភ្នែករបស់អ្នកកើតឃ្លង់ ហើយក៏បានស្តាប់ឮភាពឯកកោ ក្នុងសម្លេងដង្ហោយហៅ របស់អ្នកពិការភ្នែក។ ប៉ុន្តែ ជាងនេះទៅទៀត ទ្រង់ប្រាកដជាបានពិសោធន៍នឹងអារម្មណ៍ឯកកោ របស់ព្រះអង្គទ្រង់ផ្ទាល់ ពេលដែលមិត្តជិតស្និទ្ធរបស់ទ្រង់ បានរត់ចោលទ្រង់អស់(ម៉ាកុស ១៤:៥០)។
ទោះជាយ៉ាងណាក៏ដោយ ពេលទ្រង់ថ្លែងទំនាយថា ពួកសាវ័កនឹងរត់ចោលទ្រង់ ទ្រង់នៅតែបង្ហាញនូវទំនុកចិត្តលើព្រះវត្តមានព្រះវរបិតា។ គឺដូចដែលទ្រង់មានបន្ទូលទៅកាន់ពួកគេថា “មើល នឹងមានពេលវេលាមក ក៏មកដល់ហើយ នោះអ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយទៅ ដោយខ្លួនៗ ទាំងទុកខ្ញុំចោលឲ្យនៅតែឯកឯង តែខ្ញុំមិននៅតែឯកឯងទេ គឺមានព្រះវរបិតាគង់ជាមួយនឹងខ្ញុំដែរ”(យ៉ូហាន ១៦:៣២)។ បន្ទាប់ពីទ្រង់បានមានបន្ទូលមិនទាន់បានយូរប៉ុន្មានផង ទ្រង់ក៏បានយាងទៅឈើឆ្កាង ដើម្បីសុគតជួសយើងរាល់គ្នា។ ទ្រង់បានបើកផ្លូវ ឲ្យយើងរាល់គ្នាមានទំនាក់ទំនង ជាមួយព្រះវរបិតា ហើយក្លាយជាសមាជិកគ្រួសារទ្រង់។
ក្នុងនាមជាមនុស្ស យើងម្នាក់ៗសុទ្ធតែធ្លាប់មានអារម្មណ៍ឯកកោ។ ប៉ុន្តែ ព្រះយេស៊ូវបានផ្តល់នូវការធានាដល់យើងថា យើងមានព្រះវត្តមានព្រះវរបិតា នៅជាប់ជាមួយយើងជានិច្ច។ ព្រះទ្រង់គង់នៅគ្រប់ទីកន្លែង ហើយទ្រង់គង់នៅអស់កល្បជានិច្ច។…
ទីបន្ទាល់របស់អ្នក
មានពេលមួយ គេបានឲ្យលោកម៉ៃឃល ឌីនស៍មរ(Michael Dinsmore) ដែលជាអតីតអ្នកទោស ឡើងធ្វើទីបន្ទាល់ ក្នុងមន្ទីរឃុំឃាំងមួយកន្លែង បន្ទាប់ពីគាត់ទើបតែបានទទួលជឿព្រះ។ បន្ទាប់ពីគាត់ចែកចាយចប់ មានអ្នកទោសខ្លះបានមករកគាត់ ហើយប្រាប់គាត់ថា ពួកគេមិនដែលបានចូលរួមកម្មវិធីដែលរំភើបរីករាយ ដូចពេលនេះទេ! លោកម៉ៃឃលមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ព្រះទ្រង់អាចប្រើរឿងនៃជីវិតដ៏សាមញ្ចរបស់គាត់ ដើម្បីធ្វើការក្នុងចិត្តមនុស្សជាច្រើនដូចនេះ។
ក្នុងបទគម្ពីរ ១ធីម៉ូថេ បន្ទាប់ពីសាវ័កប៉ុលបានផ្តាំលោកធីម៉ូថេ ឲ្យនៅបន្តការងារផ្សាយដំណឹងល្អ(១:១-១១) គាត់ក៏បានចែកចាយទីបន្ទាល់របស់គាត់ ដើម្បីលើកទឹកចិត្តយុវជនម្នាក់នេះ(ខ.១២-១៦)។ គាត់បានប្រាប់លោកធីម៉ូថេ អំពីព្រះគុណរបស់ព្រះ ដែលទ្រង់ប្រទាន ក្នុងជីវិតគាត់។ គាត់មានប្រសាសន៍ថា គាត់ធ្លាប់ចម្អកឲ្យព្រះ តែទ្រង់បានកែប្រែជីវិតគាត់។ ព្រះទ្រង់មានក្តីមេត្តាណាស់ បានជាទ្រង់មិនគ្រាន់តែបានចាត់ទុកគាត់ជាអ្នកបម្រើស្មោះត្រង់ ហើយប្រទានកិច្ចការឲ្យគាត់ធ្វើប៉ុណ្ណោះទេ តែថែមទាំងបានចម្រើនកម្លាំង ឲ្យគាត់អាចធ្វើកិច្ចការនោះទៀតផង(ខ.១២)។ សាវ័កប៉ុលបានចាត់ទុកខ្លួនឯង ជាមនុស្សដែលមានបាបខ្លាំងក្រៃ តែព្រះទ្រង់នៅតែសង្រ្គោះគាត់(ខ.១៥)។
ត្រង់ចំណុចនេះ សាវ័កប៉ុលចង់ឲ្យលោកធីម៉ូថេដឹងថា ព្រះទ្រង់អាចធ្វើការអ្វីដែលយើងមិននឹកស្មានដល់ ហើយយើងក៏ចាំបាច់ត្រូវដឹងដូចគាត់ផងដែរ។ ទីបន្ទាល់របស់សាវ័កប៉ុលបានបង្ហាញថា ព្រះទ្រង់មានសេចក្តីមេត្តាករុណាចំពោះគាត់។ បើទ្រង់អាចប្រើមនុស្សដែលធ្លាប់មានប្រវត្តិអាក្រក់ដូចសាវ័កប៉ុល នោះទ្រង់ក៏អាចប្រើយើងផងដែរ។ បើទ្រង់អាចសង្រ្គោះមនុស្សដែលមានបាបធ្ងន់បំផុត នោះគ្មាននរណាដែលទ្រង់មិនអាចសង្រ្គោះនោះឡើយ។
អ្នកដទៃអាចទទួលការលើកទឹកចិត្ត ពីទីបន្ទាល់របស់យើង ដែលនិយាយអំពីកិច្ចការដែលព្រះទ្រង់បានធ្វើក្នុងជីវិតយើង។ ចូរយើងឲ្យអ្នកនៅក្បែរយើងដឹងថា ព្រះនៃព្រះគម្ពីរនៅតែធ្វើការ យ៉ាងសកម្មនៅថ្ងៃនេះ!-Poh Fang Chia
ឪពុកដែលរត់ទៅរកកូន
ជារៀងរាល់ថ្ងៃ បុរសជាឪពុកបានទន្ទឹងរង់ចាំកូនប្រុសត្រឡប់មកវិញ ដោយខំមើលផ្លូវពីចម្ងាយ ក្រែងលោឃើញកូនប្រុសមក។ ហើយជារៀងរាល់យប់ គាត់បានចូលដំណេកទាំងក្តីទោមនស្ស។ តែថ្ងៃមួយ គាត់ក៏បានឃើញមនុស្សម្នាក់ មានរូបព្រាលៗ កំពុងដើរមកពីចម្ងាយ នៅពេលថ្ងៃភ្លឺចែស។ បុរសជាឪពុកក៏បានសួរខ្លួនឯងថា ម្នាក់នេះជាកូនប្រុសខ្ញុំទេដឹង? បន្ទាប់មក គាត់ក៏បានខំមើលឲ្យច្បាស់ ក៏ចំណាំភិនភាគ។ គាត់ក៏លាន់មាត់ថា “កូនពុក!”
លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបកូនប្រុសគាត់(លូកា ១៥:២០)។ នេះជារឿងដែលគួរឲ្យកត់សម្គាល់ណាស់ ដែលបុរសជាចាស់ទុំ នៅក្នុងគ្រួសារ បានរត់ទៅរកកូនប្រុសខ្លួន ជាទង្វើដែលគេរាប់ថា គ្មានភាពថ្លៃថ្នូរ ក្នុងវប្បធម៌នៅតំបន់មជ្ឈិមបូព៌ា។ បុរសជាឪពុកពេញដោយអំណរឥតឧបមា ពេលកូនប្រុសគាត់បានត្រឡប់មកវិញ។
កូនប្រុសគាត់មិនសក្តិសមនឹងឲ្យគាត់ ទទួលស្វាគមន៍យ៉ាងដូចនេះទេ។ ពេលដែលកូនប្រុសម្នាក់នេះ បានសុំឪពុកខ្លួន ឲ្យចែកកេរមរតកឲ្យខ្លួន ហើយចាកចេញពីផ្ទះបាត់ គឺមិនខុសពីការប្រាថ្នាឲ្យឪពុកខ្លួនស្លាប់នោះឡើយ។ ប៉ុន្តែ ទោះកូនប្រុសគាត់ បានធ្វើអ្វីចំពោះគាត់ក៏ដោយ ក៏គាត់នៅតែរាប់វាជាកូនរបស់គាត់ដដែល(ខ.២៤)។
រឿងប្រៀបប្រដូចនេះ បានរំឭកខ្ញុំថា ព្រះទ្រង់បានទទួលស្គាល់ខ្ញុំជាកូន ដោយសារព្រះគុណទ្រង់ មិនមែនដោយសារការប្រព្រឹត្តរបស់ខ្ញុំទេ។ ការនេះបានធានាខ្ញុំថា ទោះខ្ញុំបានផុងខ្លួនជ្រៅយ៉ាងណាក៏ដោយ ក៏ព្រះគុណព្រះនៅតែអាចឈោងចាប់ ហើយលើកខ្ញុំឡើង។ ព្រះវរបិតានៃយើងកំពុងតែរង់ចាំ រត់ទៅទទួលកូនរបស់ទ្រង់ ដោយព្រះហស្តបើកចំហរជានិច្ច។-Poh Fang Chia
មានពេលសម្រាប់គ្រប់ការទាំងអស់
ប្រសិនបើអ្នកជាខ្ញុំវិញ អ្នកប្រហែលជាមានការពិបាក នៅក្នុងការបដិសេធមិនព្រមទទួលយកការទទួលខុសត្រូវថ្មីមួយ ជាពិសេសបើសិនជាការទទួលខុសត្រូវនោះមានបុព្វហេតុដ៏ល្អ ឬជាប់ទាក់ទងដោយផ្ទាល់ នឹងការជួយអ្នកដទៃ។ យើងប្រហែលជាមានហេតុផលដ៏ល្អ នៅក្នុងការដាក់អាទិភាពរបស់យើង យ៉ាងប្រុងប្រយ័ត្ន។ ប៉ុន្តែ ជួនកាល ពេលយើងមិនយល់ព្រមទទួលកិច្ចការបន្ថែមទៀត យើងអាចមានអារម្មណ៍ថា ខ្លួនមានកំហុស ឬគិតថា យើងបានបរាជ័យ ក្នុងការរដើរ ដោយជំនឿ។
ប៉ុន្តែ តាមបទគម្ពីរសាស្តា ៣:១-៨ មនុស្សមានប្រាជ្ញាដឹងថា អ្វីៗទាំងអស់នៅក្នុងជីវិតមនុស្ស សុទ្ធតែមានរដូវកាល នៃសកម្មភាពរបស់មនុស្ស គឺមិនខុសពីរដូវកាល ដែលមាននៅក្នុងពិភពធម្មជាតិឡើយ។ គឺដូចមានសេចក្តីចែងថា “មានពេលសម្រាប់គ្រប់ទាំងអស់ គឺមានពេលសម្រាប់គ្រប់ការ ដែលនៅក្រោមមេឃ”(ខ.១)។
អ្នកខ្លះប្រហែលជាដល់ពេលរៀបអាពាហ៍ពិពាហ៍ ឬក្លាយជាឪពុកម្តាយរបស់គេជាលើកដំបូង។ ប្រហែលជា អ្នកខ្លះដល់ពេលបញ្ចប់ការសិក្សា ហើយត្រូវចូលធ្វើការ ខណៈពេលដែលអ្នកខ្លះទៀត ដល់ពេលចាកចេញពីការងារពេញម៉ោង ចូលទៅរកការចូលនិវត្តន៍។ នៅពេលដែលយើងធ្វើដំណើរ ពីរដូវកាលមួយ ទៅរដូវកាលមួយទៀត អាទិភាពរបស់យើងមានការផ្លាស់ប្តូរ។ យើងប្រហែលជាត្រូវបំភ្លេចអ្វីដែលយើងបានធ្វើ កាលពីអតីតកាល ហើយប្រមូលផ្តុំកម្លាំងថាមពលរបស់យើង ទៅធ្វើការអ្វីផ្សេងទៀត។
នៅពេលដែលកាលៈទេសៈ និងកាតព្វកិច្ចរបស់យើង មានការប្រែប្រួល ក្នុងការរស់នៅ យើងត្រូវដឹងថា ខ្លួនត្រូវមានការប្តេជ្ញាចិត្តដូចម្តេចខ្លះ ដោយការទទួលខុសត្រូវ និងប្រាជ្ញា ពោលគឺយើងត្រូវព្យាយាមធ្វើការគ្រប់យ៉ាង “ដើម្បីថ្វាយសិរីល្អដល់ព្រះ”(១កូរិនថូស ១០:៣១)។ បទគម្ពីរសុភាសិត ៣:៦…
សុភាសិតចិន
សុភាសិតរបស់ជនជាតិចិន ច្រើនតែមានភាពសាមញ្ញ ហើយភ្ជាប់ជាមួយនឹងរឿងណាមួយ។ ឧទាហរណ៍ មានសុភាសិតចិនមួយបានពោលថា “បើចង់ទទួលបានផលល្អ ចូរឲ្យដំណាំដុះតាមសម្រួល”។ សុភាសិតនេះនិយាយអំពីរឿងរបស់បុរសម្នាក់ ដែលខ្វះភាពអត់ធ្មត់ នៅក្នុងសម័យរាជវង្សសុង។ គាត់មានចិត្តអន្ទះសារចង់ឃើញដើមស្រូវរបស់គាត់ លូតលាស់លឿន។ ដូចនេះ គាត់ក៏បានគិតរកដំណោះស្រាយ។ គាត់បានទាញដើមស្រូវទាំងអស់ឡើងលើ ឲ្យខ្ពស់ជាងមុនប្រហែល៥សង់ទីម៉ែត្រ។ បន្ទាប់ពីគាត់បានធ្វើដូចនេះ យ៉ាងហត់នឿយ អស់ពេលមួយថ្ងៃ គាត់ក៏បានសង្កេតមើលវាលស្រែរបស់គាត់។ គាត់មានចិត្តសប្បាយ ពេលបានឃើញដើមស្រូវហាក់ដូចជាបាន “លូតលាស់” ខ្ពស់ជាងមុន។ ប៉ុន្តែ គាត់អរសប្បាយបានតែមួយភ្លែតប៉ុណ្ណោះ។ ថ្ងៃស្អែកឡើង ដើមស្រូវទាំងនោះ ក៏បានចាប់ផ្តើមស្រពោន ដោយសារឫសរបស់វារលើង មិនបានចាក់ចូលជ្រៅដូចមុនទៀត។
ក្នុងបទគម្ពីរ២ធីមូថេ ២:៦ សាវ័កប៉ុលបានប្រៀបធៀបការងាររបស់អ្នកផ្សាយដំណឹងល្អ ទៅនឹងការងាររបស់កសិករ។ គាត់បានសរសេរសំបុត្រនោះ ដើម្បីលើកទឹកចិត្តលោកធីម៉ូថេថា ការបង្កើតសិស្សជាកិច្ចការដែលត្រូវធ្វើ ដោយការនឿយហត់ មិនខុសពីការធ្វើស្រែឡើយ។ យើងត្រូវភ្ជួររាស់ដី ព្រោះគ្រាប់ពូជ យើងត្រូវរង់ចាំ ហើយត្រូវអធិស្ឋាន។ យើងចង់ឲ្យការងារយើងមានលទ្ធផលភ្លាមៗ តែការលូតលាស់ត្រូវការពេលវេលា។ ការបង្ខំឲ្យមានការលូតលាស់ខុសរបៀប មិនមានប្រយោជន៍ឡើយ។
ពេលលោកធីម៉ូថេខិតខំធ្វើការបម្រើព្រះអស់ពីចិត្ត ដើម្បីសម្រេចកិច្ចការខាងវិញ្ញាណ ដែលព្រះទ្រង់បានប្រទាន គាត់ក៏បានឃើញផលផ្លែខាងវិញ្ញាណកើតមាន ក្នុងជីវិតរបស់អ្នកដែលគាត់បណ្តុះបណ្តាល ដោយចិត្តអត់ធ្មត់ ដូចដែលមានចែងក្នុងបទគម្ពីរ កាឡាទី ៥:២២,២៣។
កាលណាយើងធ្វើការបម្រើព្រះ ដោយចិត្តស្មោះត្រង់ គឺមានន័យថា…
ទ្វារដែលកំពុងបិទ
ពេលរថភ្លើងដល់ពេលចេញដំណើរទៅមុខ គេក៏បានឮសម្លេងស៊ីញ៉ូ ដាស់តឿនដល់អ្នកដំណើរទាំងអស់ថា គេជិតបិទទ្វាររថភ្លើងហើយ។ ប៉ុន្តែ មានអ្នកដំណើរពីរបីនាក់ ដែលមានភាពយឺតយ៉ាវ ក៏បានខិតខំប្រវេសប្រវាឡើងរថភ្លើងឲ្យទាន់។ ទ្វារក៏បានបិទត្រូវចំពួកគេម្នាក់ តែទ្វារនោះក៏បានបើកចំហរវិញ ធ្វើឲ្យគាត់អាចឡើងជិះរថភ្លើង ដោយសុវត្ថិភាព។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគេធ្វើការប្រថុយនឹងគ្រោះថ្នាក់ដូចនេះ ហេតុអ្វីមិនរង់ចាំរថភ្លើងមួយទៀត ដែលនឹងមកដល់ក្នុងពេល៤នាទីទៀតប៉ុណ្ណោះ?
យ៉ាងណាមិញ មានទ្វារមួយទៀត ដែលសំខាន់លើទ្វារណាទាំងអស់ ដែលយើងត្រូវតែចូល មុនពេលទ្វារនោះបិទជារៀងរហូត។ ទ្វារនោះគឺជាទ្វារនៃសេចក្តីមេត្តាករុណារបស់ព្រះ។ សាវ័កប៉ុលបានប្រាប់យើងថា “មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ”(២កូរិនថូស ៦:២)។ ព្រះគ្រីស្ទបានយាងមកសុគត ដើម្បីលោះបាបយើង ហើយបានមានព្រះជន្មរស់ឡើងវិញ។ ទ្រង់បានបើកផ្លូវ សម្រាប់ឲ្យយើងផ្សះផ្សាឲ្យជានឹងព្រះវិញ ហើយបានប្រកាសដល់យើងថា ថ្ងៃនេះជាថ្ងៃនៃសេចក្តីសង្រ្គោះ។
ថ្ងៃនេះជាថ្ងៃដែលទ្វារនៃសេចក្តីសង្រ្គោះ នៅបើកចំហរនៅឡើយ។ តែថ្ងៃណាមួយ ទ្វារនោះនឹងបិទវិញ។ ចំពោះអ្នកដែលបានទទួលជឿ ហើយបម្រើព្រះគ្រីស្ទ ទ្រង់នឹងមានបន្ទូលមកកាន់ពួកគេថា “ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយ៍មក”(ម៉ាថាយ ២៥:៣៤)។ ប៉ុន្តែ អ្នកដែលមិនស្គាល់ទ្រង់ នឹងត្រូវថយចេញទៅអស់កល្បជានិច្ច(ខ.៤៦)។
ការឆ្លើយតបរបស់យើង ចំពោះព្រះយេស៊ូវគ្រីស្ទ ជាកត្តាកំណត់ថា យើងនឹងទៅនៅទីណា បន្ទាប់ពីយើងលាចាកលោកនេះទៅ។ នៅថ្ងៃនេះ ព្រះយេស៊ូវបានអញ្ជើញយើងថា “ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ នេះនឹងបានសង្គ្រោះ រួចនឹងចេញចូល…